រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

គោលដៅទេសចរណ៍

  • 4.5ពាន់
  • ដោយ Admin

រមណីយដ្ឋានអន្លង់ផ្សោតកាំពី ៖ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។   អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ទាំង៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រ​មាណជាង ៣៩-៤០ក្បាលរស់នៅ​រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩។

សក្តានុពលទេសចរណ៍ ៖សម្រាប់ទទូលភ្ញៀវទេស​ចរជាតិ-អន្តរជាតិ និងអ្នកវិឡាសាស្ត្រសិក្សាស្រាវជ្រាវ ដែលចូលចិត្តទៅកាន់ទីនោះដើម្បីមើល និងធ្វើការ​សិក្សាពីផ្សោតទន្លេមេគង្គដែលជាថនិកសត្វដ៏កំរ នៅសេសសល់តិចតួចនៅលើពិភពលោក ។ ​ទទឹមនឹងនោះ ចំនួនភ្ញៀវទេសចរក្នុងស្រុកដែលចូលចិត្តដើលេងតាមដងទន្លេមេគង្គ កំពុងមានការកើនឡើង​គូរអោយកត់សំគាល់។

សកម្មភាពទេសចរ ៖ ដើម្បីទស្សនាផ្សោតទន្លេមេគង្គ ភ្ញៀវត្រូវធ្វើការទំនាក់ទនងទិញសំបុត្រជាមុននៅទីនោះផ្ទាល់ រួចប្រាប់អ្នកចម្លងទូក និងដឹកនាំភ្ញៀវ​ទៅដល់កន្លែងដែលផ្សោតកំពុងហែលប្រដេញគ្នាជាក្រុមតូចៗ។សហគមន៍អ្នកចម្លងទូកស្គាល់ច្បាស់ទីកន្លែងរស់នៅរបស់ផ្សោត ដែលតែងតែប្រែប្រូលទៅតាម​ការធ្វើចលនាបំលាស់ប្ដូរទីកន្លែងពីរដូវប្រាំងទៅរដូវវស្សា។ អ្នកចម្លងទូកធានាជូនភ្ញៀវមើល​ឃើញសត្វផ្សោតបាននៅគ្រប់រដូវកាល។ នៅរមណីយដ្ឋានអន្លង់ផ្សោត ភ្ញៀវអាចទិញវត្ថុអនុស្សាវរីយ៍ ជារូបថតផ្សោត និងចំលាក់ផ្សោត ធ្វើពីឈើ ដែលឆ្លាក់ផ្ទាល់ដោយប្រជាពលរដ្ឋនៅសហគមន៍នៅទីនោះ។

លក្ខណៈ និង ប្រវត្តសត្វផ្សោតទន្លេមេគង្គផ្សោតទន្លេមេគង្គ ឬ Irrawaddy Dolphin ជាថនិកសត្វរស់នៅក្នុងទឹកសាបដ៏កម្រលើលោក ដែលសព្វថ្ងៃនៅសេសសល់ក្នុងទន្លេមេគង្គពី ក្រចេះ ទៅស្ទឹងត្រែង ព្រំប្រទល់ កម្ពុជា-ឡាវ ប្រមាណពី​៨០ ទៅ ១០០ក្បាល ប៉ុណ្ណោះ ។

 ផ្សោតធំមានបណ្ដោយពី ២ម ទៅ ២ម៨០ និងមានទម្ងន់រហូតដល់ទៅជិត២០០គីឡូក្រាម។ ផ្សោតមេបង្កើតកូនបានតែមួយប៉ុណ្ណោះក្នុងរាល់ ២-៣ឆ្នាំម្ដង និងចិញ្ជឹមកូនដោយទឹកដោះ ដូចមនុស្ស​យើងដែរ(វាជាប្រភេទថនិសត្វមិនមែនជាត្រីទេ)។ ​

 ផ្សោតជាសត្វឆ្លាតវាងវៃវាមានប្រព័ន្ធសម្លេងពិសេសសម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមកនិងសម្រាប់ ដឹង ដេញត្រីជាអាហារ។ អាហាររបស់វាគឺត្រី (ពិសេសត្រីឥតស្រកា) និងខ្ចៅ ខ្ចង គ្រំ​ក្នុងទន្លេ។ ផ្សោតជាសត្វចូលចិត្តហែលប្រដេញគ្នាជាក្រុមតូចៗ ពី ៣ ទៅ​ ៥ ក្បាល ។ សត្វផ្សោត​រស់បានពី ២០​ ទៅ ៤០ឆ្នាំ។

 នៅមុនសម័យសង្រ្គាមស៊ីវិល ផ្សោតរស់នៅរាប់ពាន់ក្បាលក្នុងទន្លេមេគង្គទាំងមូលរហូតដល់ទៅ​ទន្លេសាប និងរហូតដល់ប្រទេសវៀតណាម។ នៅសម័យប៉ុល-ពត ផ្សោតជាច្រើនត្រូវបានសម្លាប់​ ដើម្បីចម្រាញ់ យកខ្លាញ់ ឬបរបាញ់ ជាល្បែងលេងកំសាន្ដ។   ការបោកគ្រាប់បែកតាមអន្លង់ត្រី ការ​ប្រើប្រាស់ឧបករណ៍ឆក់ត្រី និង ការនេសាទដោយប្រើមងក្រឡាធំ គឺជាមូលហេតុចំបងនៃការថយ​ចុះយ៉ាងឆាប់រហ័ស នៃចំនួនផ្សោតទន្លេមេគង្គ។

ចាប់ពីឆ្នាំ១៩៩៨ មកអង្គការអន្ដរជាតិមួយចំនួនបានចូលមកសហការ និងអាជ្ញាធរ ព្រមទាំស្ថា​ប័នជំនាញធ្វើការអភិរក្សផ្សោតទន្លេមេគង្គ សព្វថ្ងៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើការអភិរក្សផ្សោតទន្លេមេគង្គ។