រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

ស្ថានភាព​ទូទៅ

  • 12.2ពាន់
  • ដោយ Admin

១. ភូមិសាស្ត្រ

​ខេត្តក្រចេះ ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានស្ថានភាពដីជាពីរប្រភេទគឺតំបន់ខ្ពង់រាប និងតំបន់វាលទំនាប មានចម្ងាយ ៣៤០គម ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៧ ឆ្លងកាត់ស្រុកស្នួល ចម្ងាយ ២៥០គម ពីរាជ​​ធា​នី​ភ្នំពេញតាមផ្លូវជាតិលេខ៧៣ ឆ្លងកាត់តាមស្រុកតំបែរ និងស្រុកឆ្លូង និងចម្ងាយ ២២០គ​ម តាមផ្លូវទឹកទន្លេមេគង្គ ។ ខេត្តមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តមណ្ឌលគីរី ខាងលិចជាប់នឹងខេត្តកំពង់ធំ ខាងជើងជាប់នឹងខេត្តស្ទឹងត្រែង និងខាងត្បូងជាប់នឹងខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងប្រទេសវៀតណាម ។ ទន្លេមេគង្គហូរកាត់ក្រុង០១ និងស្រុក០៤ ក្នុងចំណោមក្រុង និងស្រុកទាំង០៦របស់ខេត្ត ដែលមានប្រវែង ១៤០គម មានព្រែកធំៗចំនួន៥ ស្ថិតនៅខាងកើតទន្លេមេគង្គ ។ ខេត្តក្រចេះមានផ្ទៃដីធម្មជាតិសរុប ១១.០ ៩៤គម ចែកជាក្រុង០១ ស្រុក០៥ មាន ០៥សង្កាត់ ៤២ឃុំ និង២៥៨ភូមិ ។

២. ប្រជាសាស្ត្រ

ខេត្តក្រចេះ មានប្រជាពលរដ្ឋសរុបចំនួន ៤១៧.៣២១នាក់ ស្រ្តី ២១០.៨៣៧នាក់ ស្មើនឹង ៩៤.០៨០គ្រួសារ ដង់ស៊ីតេប្រជាជន ៣៧នាក់/គម ដែលប្រមាណ ៨២,២% ជាក​សិ​ករ ១៧,៣% ជាសេវាករ និង០,៥% ជាសិប្បករ ។ កម្លាំងពលកម្មដែលមានអាយុ១៨-៦០ឆ្នាំ មានចំនួន ៥១,១% និងមានកំណើនប្រជាជ​នប្រចាំឆ្នាំ ២,៤% នៃចំនួនប្រជាជនសរុប ។ ខេត្តមានជនជាតិដើមភាគតិចចំនួន ០៧ រស់នៅ ក្នុងនោះ ជនជាតិព្នង កួយ ស្ទៀង មិល ក្រោល ថ្មូន និងជនជាតិខោល។

៣. សេដ្ឋកិច្ច

ក្នុងឆ្នាំ២០១៩ សេដ្ឋកិច្ចខេត្តក្រចេះ មានទំហំទឹកប្រាក់ប្រមាណ ២.២១៨.៣១៥ លានរៀល គិតជាដុល្លា ប្រហែល ៥៤៧ លានដុល្លាអាមេរិច ស្មើនឹង ២.៤% នៃសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខេត្តក្រចេះមានកំណើន ៦,៣% នៅឆ្នាំ២០១៩ បើធៀបឆ្នាំ២០១៨  ដែលមានទំហំសេដ្ឋកិច្ច ២.០៣៧.២៤៥ លានរៀល ស្មើនឹង ៥០៣ លានដុល្លាអាមេរិច ក្នុងនោះចំណូលសម្រាប់ម្នាក់ (GDP) ១.៣៨១$ នៅឆ្នាំ២០១៩ និង ១.២៨៤$ នៅឆ្នាំ២០១៨ ។ សកម្មភាពសេដ្ឋកិច្ចចម្បងរបស់ខេត្តក្រចេះ គឺវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម និងសេវាកម្ម ។ ខេត្តក្រចេះ អនុវត្តស្រូវវស្សា បានចំនួន​ ៣៣.៥៧១ហ.ត និងប្រមូលផល សរុបចំនួន​ ៨៩.០១១តោន ដែលក្នុងនោះទិន្នផលជាមធ្យម ២.៧៧០គ.ក/ហ.ត ។ ចំណែកស្រូវប្រាំងអនុវត្ត បានចំនួន​ ១៤.១៤៣ហ.ត និងប្រមូលផលបាន ៦២.១២៦តោន  ដែលក្នុងនោះទិន្នផលជាមធ្យម ៤.៣៩៣គ​.ក/ហ.ត ។ ប្រជាកសិករ ក៏និយមដាំដុះដំណាំរួមផ្សំមួយចំនួនទៀតផងដែរ ដូចជា ពោតស ដំឡូងគរ ដំឡូងជ្វា ប៉ិកគក់ និងបន្លែគ្រប់ប្រភេទ ដែលអនុវត្តលើផ្ទៃដី បានចំនួន ៩.០៩៩ហ.ត។ ខេត្តមានក្រុមហ៊ុន សរុបចំនួន ៤៩ ដែលកំពុងធ្វើការដំដុះដំណាំកសិ-ឧស្សាហកម្មទាំងរយៈពេលខ្លី និងរយៈពេលវែង មានដូចជា៖ ពោតក្រហម សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង ថ្នាំជក់ កៅស៊ូ ស្វាយចន្ទី ម្រេច ដំឡូងមី ចេក អំពៅ លើផ្ទៃដី​ សរុបចំនួន ២០៦.៣០៤ហ.ត ។ ទេសចរណ៍ទទួលបានការយកចិត្តទុកដាក់ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចណ៍ដ៏សំបូរបែប ជាពិសេសការចូលរួមពីសំណាក់វិស័យឯកជន ដែលដើរតួយ៉ាងសំខាន់ក្នុងការជម្រុញវិស័យមួយនេះឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែង ខេត្តមានសណ្ឋាគារ ចំនួន ១៤កន្លែង (ស្មើនឹង ៦០១បន្ទប់) ផ្ទះសំណាក់ ចំនួន ៤៨កន្លែង (ស្មើនឹង ៤៥០បន្ទប់) ភោជនីយដ្ឋាន ចំនួន ៥៨កន្លែង ខារ៉ាអូខេ ១៨កន្លែង​ (ស្មើនឹង ៩៦បន្ទប់) ម៉ាស្សា ០៩កន្លែង (ស្មើនឹង ៦៦គ្រែ) និងរមណីយដ្ឋាន សរុបចំនួន ១៨កន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាពិសេសសត្វផ្សោតទន្លេមេគង្គ ។ ជាក់ស្តែង​ក្នុងឆ្នាំ២០១៩ ខេត្តក្រចេះ បានស្វាគមន៍ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ សរុបចំនួន ៣៧៣.៦៩៦នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ៣៤៦.៨១៨នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ២៦.៨៧៨នាក់ ។

៤. សង្គមកិច្ច

          ការងារអប់រំ៖ ខេត្តក្រចេះ មានមត្តេយ្យសិក្សារដ្ឋ ឯកជន និងសហគមន៍ សរុបចំនួន ២០៣កន្លែង ដែលមានថ្នាក់រៀន ចំនួន ២៥២ថ្នាក់ គ្រូបង្រៀន ចំនួន ២៨៧នាក់ (ស្រី ២៨២នាក់) កុមារ ចំនួន ៦.៧៤២នាក់ (ស្រី ៣.៤០០នាក់) ។ ក្នុងឆ្នាំ២០១៩ កុមារអាយុ៣-៥ឆ្នាំ បានចូលរៀនមត្តេយ្យសិក្សាមានចំនួនស្មើនឹង៣០,៤% ។ បឋមសិក្សាមានចំនួន ២៧៤សាលា ក្នុងនោះមានថ្នាក់រៀន ចំនួន ២.១៧៩ថ្នាក់ គ្រូ ចំនួន ១.៤៥៤នាក់ (ស្រី ៩៦៧នាក់) និងសិស្ស ចំនួន ៦៣.៣២៣នាក់ (ស្រី ៣០.៦៣៧នាក់) ។ ក្នុងឆ្នាំ២០១៩ កុមារអាយុ៦ឆ្នាំ បានចូលរៀនបឋមសិក្សាមានចំនួនស្មើនឹង៨១,៧% ។ ខេត្ត មានសាលាមធ្យមសិក្សាទាំងពីរកំម្រិត (បឋមភូមិ និងទុតិយភូមិ)សរុបចំនួន ៦២សាលា (អនុវិ. ៤១សាលា, វិ. ថ្នាក់ទី៧ ដល់ទី១២ ១០សាលា និង វិ. ថ្នាក់ទី១០ ដល់ទី១២ ១សាលា) ស្មើនឹង ៤០៨ថ្នាក់ ក្នុងនោះមានគ្រូបង្រៀន ចំនួន ៩៥៣នាក់ (ស្រី ៤៨៣នាក់) និងសិស្ស ចំនួន ១៨.៧៥៤នាក់ (ស្រី ១០.០៦៦នាក់) ។ ដោយឡែកកម្រិតឧត្តមសិក្សា ខេត្តក្រចេះ មានសាលារដ្ឋ និងឯកជន ចំនួន​ ០៣កន្លែង គឺសកលវិទ្យាល័យក្រចេះ សកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងវិទ្យាស្ថានអាស៊ីកម្ពុជា ។  

ការងារសុខាភិបាល៖ ខេត្តក្រចេះ មានការិ.សុខាភិបាលស្រុកប្រតិបត្តិ​ ចំនួន​ ០២កន្លែង មន្ទីរពេទ្យបង្អែក ចំនួន ០៣កន្លែង (មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ឆ្លូង និងស្នួល) មណ្ឌលសុខភាព ចំនួន ៣០កន្លែង និងប៉ុស្តិ៍សុខភាព ចំនួន ១៤កន្លែង ។ ចំពោះមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងឆ្លូង មានសមត្ថភាពផ្តល់សេវាសម្ភពសង្រ្គោះបន្ទាន និងការថែទាំទារកពេញលេញ ។ វិស័យសុខាភិបាលខេត្តក្រចេះ​ មានវេជ្ជបណ្ឌិតឯកទេស​ វេជ្ជបណ្ឌិត គ្រូពេទ្យមធ្យម ទន្តបណ្ឌិត ទន្តពេទ្យ ទន្តគិលានុប្បដ្ឋាក ឱសថការីឧត្តម-ធម្យម-បឋម បរិញ្ញាបត្រគិលានុដ្ឋាក គិលានុដ្ឋាកមធ្យម-បឋម បរិញ្ញាបត្រឆ្មប ឆ្មបមធ្យម-បឋម អ្នកបច្ចេកទេសមន្ទីរពិសោធន៍មធ្យម អ្នកបច្ចេកទេសវិទ្យាសាស្រ្ត​ គ្រូពេទ្យព្យាបាលដោយចលនា និងមន្រ្តី សរុបចំនួន​ ៧៣៧នាក់ ។ ខេត្ត មានសេវាសុខាភិបាលឯកជនស្របច្បាប់ ចំនួន ៣៥៨កន្លែង និងឱសថស្ថានស្របច្បាប់ ចំនួន ៤១កន្លែង ។

ការងារធម្មការ និងសាសនា៖ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះភាគច្រើនកាន់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដោយឡែកយើងនៅមានសាសនាចំនួនបួនទៀត ដែលកំពុងមានសកម្មភាពនៅក្នុងខេត្ត គឺសាសនាឥស្លាម សាសនាគ្រឹស្ទ សាសនាមហាយាន និងសាសនាបាហៃ ។ ស្ថិតិនៃសាសនាទាំងអស់មានដូចជា៖ វត្តព្រះពុទ្ធសាសនាទាំងពីរគណៈមាន ចំនួនសរុប ១៧២វត្ត (ព្រះសង្ឃ​ ចំនួន ១.៣៦២អង្គ, អាចារ្យ ៤៦៣នាក់, គណៈកម្មការវត្ត ៨៣២នាក់, តាជី-ដូនជី ៥២នាក់ និងក្មេងវត្ត ២១៨នាក់), សាសនាឥស្លាមមានព្រះវិហារ ចំនួន ៨៥កន្លែង ស៊ូរាវ ១០០កន្លែង មានសាសនិកសរុប ៤៨.១៧៩នាក់, សាសនាគ្រឹស្ទមានព្រះវិហារ ចំនួន ១៩កន្លែង​ ស្នាក់ការថ្វាយបង្គំ ១៥កន្លែង មានសាសនិកសរុប ១.១៧៨នាក់, សាសនាមហាយានមានព្រះវិហារ ចំនួន ០២កន្លែង មានសាសនិកសរុប​ ១៣៧នាក់ និងសាសនាបាហៃមានព្រះវិហារ ចំនួន ០១កន្លែង មានបរិស័ទសរុប ២៨នាក់ ។  

៥. គមនាគមន៍            

ខេត្តក្រចេះ មានប្រព័ន្ធគមនាគមន៍ចំនួន ០២ ផ្លូវ គឺផ្លូវគោក និងផ្លូវទឹក ។ ផ្លូវគោក គឺជាប្រព័ន្ធគមនាគមន៍ដ៏មានសារៈសំខាន់ជាងគេ សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយខេត្តនៅក្នុងភូមិភាគឦសាន និងទៅរាជធានីភ្នំពេញ​ ព្រមទាំងងាយស្រួលពង្រីកវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និងវិស័យទេសចរណ៍ ជាមួយខេត្តដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម-ឡាវ ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ផ្លូវជាតិសំខាន់ៗមានដូចជា៖ ផ្លូវជាតិលេខ ៧ (ប្រវែង ១៩៨,១គ.ម ពីព្រំប្រទល់ខេត្តកំពង់ចាម កាត់តាមស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរនៃខេត្តក្រចេះ រហូតដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង​), ផ្លូវជាតិលេខ ៧៣ (ប្រវែង ៤៣,១គ.ម ពីព្រំប្រទល់ខេត្តកំពង់ចាម កាត់តាមស្រុកឆ្លូង អមតាមបណ្តោយទន្លេមេគង្គមកកាន់ទីរួមខេត្តក្រចេះ), ផ្លូវជាតិលេខ ៧៤ (ប្រវែង ២១,៦៨គ.ម ពីឃុំស្រែចារ ស្រុកស្នួល ដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ កម្ពុជា-វៀតណាម), ផ្លូវជាតិលេខ ៧៦ (ប្រវែង ៤៩គម ពីសាលាស្រុកស្នួល ដល់ព្រំប្រទល់ខេត្តមណ្ឌលគិរី) និងផ្លូវខេត្តមួយចំនួនទៀត ។​ ខេត្តនៅមានផ្លូវលំក្រួសក្រហម និងផ្លូវលំដីស ឆ្លងកាត់គ្រប់ឃុំ-សង្កាត់ ដែលបានសាងសង់ឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងគម្រោងមូលនិធិឃុំ-សង្កាត់​​ និងមានស្ពាន (បេតុង បេឡេត៏ ដែកអ៊ី និង ឈើ) សរុបប្រវែង ៤.២៥១ម ។ ដោយឡែកផ្លូវទឹក គឺផ្លូវទឹកទន្លេមេគង្គដែលមានប្រវែង ១៤០គ.ម កាត់តាមស្រុកចំនួន ០៤​ គឺ ស្រុកឆ្លូង ព្រែកប្រសព្វ សំបូរ និងក្រុងក្រចេះ ។ នៅឆ្នាំ២០១៩ ខេត្តមាន ដចម្លង ចំនួន ១២កន្លែង សម្រាប់ការងារដឹកជញ្ជូន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ ចំនួន ១.០៨០.៣២៤​នាក់ ទោចក្រយានយន្ត ចំនួន ៥៩១.៣៨៣គ្រឿង រថយន្តតូច​​ ចំនួន ៧.៧៥១គ្រឿង រថយន្តដឹកអ្នកដំណើរ ចំនួន​ ៨.០៤៧គ្រឿង រថយន្តដឹកទំនិញ ចំនួន ២.០៤០គ្រឿង កង់ ចំនួន ៥៩.៨៨៩គ្រឿង និងសត្វពាហនៈ ចំនួន ១.៣៥៧ក្បាល ។ ខេត្តមានកំពង់ផែក្នុងស្រុក ដែលមានកាណូតឆ្លងកាត់ ចំនួន ៧០៧គ្រឿង និងមានអ្នកដំណើរឆ្លងកាត់ ចំនួន ១៨.៣១៩នាក់ ។