រដ្ឋបាលខេត្តក្រចេះ

Kratie Administration

រដ្ឋបាលខេត្តក្រចេះ

Kratie Administration
  • ទំព័រដើម
  • ​សក្តានុពលវិនិយោគ សម្រាប់ខេត្តក្រចេះ

​សក្តានុពលវិនិយោគ សម្រាប់ខេត្តក្រចេះ

ដោយ ឌី សំបូររ័ត្នចំនួនទស្សនា (1.5K)

កម្ពុជាជាប្រទេសមួយស្តិតក្នុងចំនោមសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ១០ប្រទេស ដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់ជាងគេ ។ ដូច្នោះហើយ មានកត្តាមួយចំនួនដែលអំណោយផលដល់ការវិនិយោគក្នុងប្រទេសមួយនេះ ។ ប្រទេសកម្ពុជាធានាបាននូវស្ថេរភាពនយោបាយ និងសន្តិភាពពេញលេញ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចនៃផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រមាណ៧% ក្នុងរយៈពេលជាងមួយទសវត្សកន្លងមកនេះ ។ នយោបាយការបរទេសរបស់កម្ពុជាមានភាពចម្រុះ និងអព្យាក្រឹត ដែលអាចធ្វើទំនាក់ទំនងការទូត និងធ្វើពាណិជ្ជកម្មជាមួយគ្រប់បណ្តាប្រទេសមហាអំណាច ទោះបីស្ថិតនៅចំពោះមុខនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចអាមេរិច និងចិន ។ កម្ពុជាជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO, 2015)​ និងសហគមន៍អាសាន ដូច្នោះ កម្ពុជាមានស្ថេរភាពគោលនយោបាយ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគក្នុង-ក្រៅប្រទេស​ក្នុងការបង្កើតក្រុមហ៊ុន ធ្វើពាណិជ្ជកម្ម គ្រប់គ្រងក្រុមហ៊ុនដោយខ្លួនឯង ជាពិសេសកម្ពុជាមានទីផ្សារអនុគ្រោះពន្ធនៅអាស៊ី អ៊ឺរ៉ុប និងអាមេរិច និងទីផ្សារអាស៊ានដែលមានប្រជាជនប្រមាណ ៦០០លាននាក់ គឺជាទីផ្សារធំជាងគេលំដាប់ទី៣ ក្នុងពិភពលោក ។ លើសពីនេះទៅទៀត រដ្ឋាភិបាលបានបង្កើតបរិយាកាសពាណិជ្ជកម្មដ៏ល្អប្រសើរ ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគ​ ដូចជា៖ ការអនុគ្រោះពន្ធលើប្រាក់ចំណេញពេលចាប់ផ្តើមរកស៊ីដំបូង និងពន្ធនាំចូលវត្ថុធាតុដើម ។

ដោយឡែក ខេត្តក្រចេះ ជាខេត្តមួយស្ថិតនៅភូមិភាគឦសាន ដែលមានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មខ្នាតតូច-មធ្យម ហើយវិស័យទាំងនេះ ត្រូវបានកំណត់ជាវិស័យអទិភាព និងដាក់បញ្ចូលក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្តក្រចេះ ក្នុងមហិច្ចតាកាត់បន្ថយភាពក្រីក្រឱ្យបាន ១%ក្នុងមួយឆ្នាំ ។ ក្រចេះ មានផ្ទៃដីកសិកម្ម ចំនួន ៤៧.០០០ហត សម្រាប់ដណាំស្រូវប្រាំង និងស្រូវវស្សា និង ចំនួន ១៩៨.៩៧០ហត សម្រាប់ដំណាំកសិ-ឧស្សាហកម្ម (កៅស៊ូ ម្រេច ស្វាយចន្ទី ដំឡូងមី ចេក អំពៅ) ដំនាំសាកវប្បកម្ម (ពោតក្រហម សណ្តែកសៀង សណ្តែកបាយ ស្វាយ) និងចិញ្ចឹមសត្វ ។ ក្នុងនោះខេត្តមានប្រព័ន្ធធារាសាស្ត្រដូចជា ទំនប់ ទំនប់បង្ហៀរ សិល្បៈការ ទ្វារទឹក ប្រឡាយមេ ប្រឡាយរង ដែលមានសម្ថភាពស្រោចស្រពផ្ទៃដីកសិកម្ម បានចំនួន​ ៥៨%។ ឧស្សាហកម្មខ្នាតតូច-មធ្យម បាននឹងកំពុងបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណ ៤៥.៣៦០នាក់ នៅមូលដ្ឋាន ក្នុងនោះរោងចក្រកំពុងដំណើរមានដូចជា រោចចក្រផលិតសម្ភារៈឧភោគបរិភោគ ឧស្សាហកម្មកែច្នៃលោហៈ និងមិនមែនលោកហៈ និងមានធនធានរ៉ែ (មាស ធ្យូងថ្ម ថ្មសំណង់ ថ្មម៉ាប ក្រួស ខ្សាច់) សម្រាប់ធ្វើអាជីវកម្ម ។ ដោយសារតែភាពសំបូរបែបនៃធនធានវប្បធម៍ និងធម្មជាតិដូចជាប្រជាជន ទំនៀមទំលាប់ វត្តបុរាណ ទន្លេមេគង្គ សត្វផ្សោត ព្រៃឈើ សត្វព្រៃ ទេសចរណ៍បានចូលរួមបង្កើតការងារយ៉ាងច្រើនសម្រាប់ប្រជាជនខេត្តក្រចេះបង្កើនប្រាក់ចំណូល ក្នុងនោះរមណីយដ្ឋាន​ ចំនួន ១៩កន្លែង (រមណីយដ្ខានវប្បធម៌ប្រវត្តសាស្ត្រ ធម្មជាតិ វប្បធម៌-ធម្មជាតិ និងសហគមន៍័អេកូទេសចរណ៍) បាននឹងកំពុងទាក់ទាញ និងស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ។     

ខេត្តក្រចេះ ក៏នៅមានកត្តាមួយចំនួនទៀតដែលចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះខេត្តមានច្រកព្រំដែនអន្តរជាតិ ចំនួន ០១ (ត្រពាំងស្រែ) និងច្រកទ្វេភាគី ចំនួន ០២ (ជ័យឃ្លាំង និងអូរលាវ)​, បរិមាណអគ្គីសនីសម្រាប់ប្រើប្រាស់ ចំនួន ១០៤.៩០២.៨១៧ kwh និងបណ្តាញទឹកស្អាតគ្រប់ដណ្តប់ ២១៤ភូមិ ស្មើនឹង ៨២,៩៥% ដែលមានបរិមាណទឹកសរុប ២.៨០៤.៦៨២ម , ផ្លូវគមនាគមន៍តភ្ជាប់ដល់ជនបទ និងមានកម្លាំងពលកម្ម ចំនួន ៥១,១% នៃប្រជាពលរដ្ឋសរុប ។

សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 1 ថ្ងៃមុន