រដ្ឋបាលខេត្តក្រចេះ

Kratie Administration

លោក ស៊ូ អារ៉ាហ្វាត់ អញ្ជើញចូលរួមជាអធិបតីភាពសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម

ដោយ Adminចំនួនទស្សនា (137)

ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្តអញ្ជើញចូលរួមជាអធិបតីភាពបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម នៅសណ្ឋាគារខេមរាបាត់ដំបង១ក្រុងបាត់ដំបង រៀបចំដោយអគ្គនាយកពន្ធដានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោមវត្តមានឯកឧត្តម វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

វគ្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការនានាជុំវិញខេត្ត មន្រ្តីពន្ធដារមកពីខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង អាជីវករ សហគ្រិន ដែលពាក់ព័ន្ធវិស័យកសិកម្មជាអាទិភាព មកពីមូលដ្ឋាននានា ចូលរួមជិត៣០០នាក់ផងដែរ។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណ:អភិបាលខេត្ត ដោយបានបញ្ជាក់ថា យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកំណត់ជាអាទិភាពដោយលើកលែងមិនយកពន្ធលើវិស័យកសិកម្ម ពិសេសចំពោះកសិករទូទៅដែលប្រកបរបរកសិកម្ម។

ឯកឧត្តម វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារមានប្រសាសន៍ និងឡើងធ្វើបទបង្ហាញលើស្លាយពន្យល់ដល់អង្គសិក្ខាសាលាដោយបានបញ្ជាក់ថា បានជម្រាបអង្គសិក្ខាសាលាថា គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម ដូចជា៖
១- កាអនុគ្រោះនូវអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះការនាំចូល និងការផ្គត់ផ្គង់ទំនិញមួយចំនួន ដូចជា ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឱសថ ចំណីសត្វ និងចំណីបន្ថែម ពូជសត្វគ្រប់ប្រភេទ គ្រឿងយន្ត និងឧបករណ៍កសិកម្មប្រភេទ។
២- ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ
ផ្តល់ការលើកលែងអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃដែលមានដូចជា ឫស មើម ដើម សំបក ផ្លែ ផ្កា ឬ គ្រាប់នៃរុក្ខជាតិ ដែលបានមកពីការធ្វើកសិកម្មដាំដុះ ទោះមិនទាន់កិនឬកិនបំបែករួចហើយក្តី និងដែលមិនទាន់ត្រូវបានយកទៅកែច្នៃជាផលិតផលផ្សេង។ ផលិតផលកសិកម្មមិនទាន់កែច្នៃ ក៏រួមបញ្ចូលនូវគ្រាប់ធញ្ញជាតិនានា រួមទាំងស្រូវអង្ករផងដែរ។
៣- ការលើកទឹកចិត្តអាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា ពន្ធកាត់ទុកលើសេវា ។
ក- អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋសហគ្រាសដែលផ្គត់ផ្គង់ទំនិញឬសេវាឱ្យដល់សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ដំណាច់ឆ្នាំ២០២៣ និងត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលដែលទាក់ទិននឹងការផ្គត់ផ្គង់នេះ។
ខ- ការព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូត្រូវបានព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ សម្រាប់រយៈពេល ០៥ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០១៩ រហូតដល់ដំណាច់ឆ្នាំ ២០២៣។
គ- ការលើកលែងពន្ធអប្បបរមា សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែកម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូត្រូវបានលើកលែងពន្អអប្បបរមា គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ ២០២៣ ក្នុងករណីដែលបានកាន់បញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
ឃ- ការរួចកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់សេវា សហគ្រាសផលិត ផ្គង់ផ្គត់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូ ត្រូវបានអនុគ្រោះឱ្យរួចពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស គិតចាប់ពីខែមីនា ឆ្នាំ ២០១៩ ដល់ដំណាច់ឆ្នាំ ២០២៣។ ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារខាងលើ សហគ្រាសត្រូវបំពេញ តាមលក្ខខណ្ឌទាំង០៣ដូចខាងក្រោម៖

-ស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាព០១ឆ្នាំម្តង។

-ត្រូវភ្ជាប់ជាមួយលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ នូវបញ្ជីឈ្មោះសហគ្រាសដែលផ្គត់ផ្គង់ទំនិញឬសេវាជាបន្ទុករបស់រដ្ឋ។

ត្រូវកាន់បញ្ជីគណនេយ្យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងប្រកាសបង់ពន្ធអាករដទៃទៀតជាធរមានទៅតាមកាលកំណត់។

៤- ការលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព (ផ្នែកកសិកម្ម) សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាពចំពោះផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម ត្រូវទទួលបានការលើកទឹក
ចិត្តពន្ធលើប្រាក់ចំណូលដូចខាងក្រោម៖

-៣ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភារួចរាល់
គិតពីខែតុលា ឆ្នាំ២០១៨ តទៅ។

-៥ឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពរួចរាល់ គិតពីខែតុលា ឆ្នាំ២០១៨ តទៅ ដែលបំពេញលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖
ប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី ៦០ថ្ងៃឡើងទៅ ឬ បង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬ មានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។

ជាទីបញ្ចប់ ឯកឧត្តម វ៉ាន់ ពុទ្ធិពល ក៏បានស្នើសុំឱ្យសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធនិងការលើកទឹកចិត្តផ្នែកពន្ធដារនេះ និងណែនាំឱ្យសាខាពន្ធដារខេត្តទាំងអស់បន្តផ្សព្វផ្សាយនូវច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារឱ្យបានទូលំទូលាយ ក៏ដូចជាពង្រឹងការផ្តល់សេវាដល់អ្នកជាប់ពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់។

សេវាពេញនិយម
បណ្ណាល័យព័ត៌មាន
លេខអគ្គិភ័យ016 717 129 017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969 077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
សេវាថ្មីៗ

KRATIE WEATHER

ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន: តិរិវិថីសុរាម្រិត សង្កាត់ក្រចេះ ក្រុងក្រចេះ

អ៊ីមែល : info@kratie.gov.kh

លេខទូរស័ព្ទ : (+855)

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តក្រចេះ

កែប្រែចុងក្រោយ : 2 ម៉ោងមុន