រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធីបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ត ។

  • 2.2ពាន់
  • ដោយ Admin

រសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញជាអធីបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ត ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃមន្ទីរកិច្ចការនារីខេត្ត ក្រោមការដឹកនាំរបស់លោកស្រី ប៊ុន ស៊ីថូត ជាប្រធានមន្ទីរកិច្ចការនារីខេត្តកន្លងមក បានយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យមានការអនុវត្តការងារកិច្ចការនារីសម្រេចបានលទ្ធផលល្អប្រសើរ ចូលរួមចំណែកក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាពស្រី្ត និងកុមារ ជាពិសេសការជួយពង្រឹងសមត្ថភាពស្ត្រី ទាំងចំណេះដឹង ចំណេះធ្វើ និងទាំងក្នុងការងារសេដ្ឋកិច្ច និងការសម្រេចចិត្តនានា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសព្វថ្ងៃនេះ សមាសភាពរបស់ស្រ្តីបានចូលរួមកសាង និង អភិវឌ្ឍន៍ជាមួយរដ្ឋាភិបាលក្នុងខេត្តក្រចេះ មានប្រមាណជាង ៤០% ។

លោកជំទាវ អឹង កន្ថាផាវី ក៏បានផ្ដាំផ្ញើដល់លោកស្រី ឆូ គឹមស៊ត ប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តបេសកកម្មដឹកនាំអនុវត្តការងារកិច្ចការនារីក្នុងខេត្ត ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ជាពិសេសសក្នុងការលើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រ ការផ្ដល់ និងពង្រឹងសិទ្ធិអំណាចស្ដ្រី ការការពារ និងការផ្ដល់សេវាអប់រំសុខភាព រួមទាំងការងារជាច្រើនទៀត ដើម្បីជាប្រយោជន៍សម្រាប់ស្ត្រី កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ ត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានានិរន្តភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន និងឆ្លើយតបជាវិជ្ជាមានទៅ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនិងផែនការនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងលទ្ធភាព អនុវត្តការងារតាមគោលនយោបាយកម្មវិធីរបស់ក្រសួងកិច្ចការនារី លើកកម្ពស់ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបង្កើតកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតជាមួយដៃគូ ដើម្បីឲ្យលំហូរការងារមានភាពល្អប្រសើរ និងស៊ីសង្វាក់គ្នា ខិតខំអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីបំពេញការងារឲ្យ ទទួលបានជោគជ័យ តាមគោលនិយោបាយកម្មវិធីអនុកម្មវិធីរបស់ក្រសួង ៕

សូមបញ្ជាក់ថា៖ លោកស្រី ឆូ គឹមស៊ត ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ជំនួសលោកស្រី ប៊ុន សុីថូត ត្រូវទទួលភារកិច្ចថ្មី។

អត្ថបទទាក់ទង