រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

សហគមន៍អេកូ-ទេសចរណ៍កោះផ្តៅ

  • 3.6ពាន់
  • ដោយ Admin

សហគមន៍អេកូ-ទេសចរណ៍កោះផ្តៅ  ចម្ងាយ ៤៥គ.ម ពីខេត្តក្រចេះ កោះផ្តៅ និងសំភិន គឺជាភូមិពីរក្នុងចំណោមភូមិដ៏ទៃទៀតដែលស្ថិតនៅលើកោះរងាវ។ កោះរងាវ ជាកោះមួយ​ដែលវែងជាងគេបំផុតក្នុងចំណោមកោះដ៏ទៃទៀត មានប្រវែង ​៤៥គីឡូម៉ែត្រ ស្ថិតនៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្នុងប្រទេសកម្ពុជា​។ ភូមិទាំងពីរនេះស្ថិតនៅក្នុង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ តាមបណ្តោយដងទន្លេមេគង្គភាគខាងជើងចម្ងាយប្រមាណ ៤៤គីឡូម៉ែត្រ ពីរួមខេត្តក្រចេះ។ ដើម្បីទៅដល់ភូមិនេះអ្នកធ្វើដំណើរត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ ៣៨គីឡូម៉ែត ពីទីរួមខេត្តក្រចេះទៅកាន់ស្រុកសំបូរ និងបន្តដំណើរតាមទូកពីស្រុកសំបូរទៅភូមិទាំងពីរខាងលើចម្ងាយ ៦គីឡូម៉ែតទៀត។

កោះផ្តៅ និងសំភិន ជាភូមិរបស់ប្រជាជនដើមកំណើតខ្មែរ រស់នៅតាមបែបទំនៀមទំលាប់បុរាណ បច្ចុប្បន្នមានប្រជាជនសរុបចំនួន ៤២៧គ្រូសារ ស្មើនឹង២,១៦៩នាក់ ស្រីចំនួន ១,១១៣នាក់ (ទិន្នន័យឆ្នាំ២០១៥)។ ជាទូទៅប្រជាជនរស់នៅដោយពឹងផ្អែកលើមុខរបរកសិកម្មតាមបែបយថាផលដើម្បីចិញ្ចឹមជីវិតដូចជា៖ ធ្វើស្រែ នេសាទត្រី ចិញ្ចឹមសត្វជ្រូក មាន់ ទា គោ ក្របី ដាំបន្លែ ធ្វើកម្មករ និងដំណាំតាមរដូវកាលផ្សេងៗទៀត។

សក្តានុពលទេសចរណ៍ ៖ នៅក្នុងតំបន់នេះសំបូរទៅដោយធនធានធម្មជាតិដូចជា សត្វផ្សោតទន្លេមេគង្គ ព្រៃឈើ ទន្លេ ព្រែក អូរ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទរបស់ទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីសែនព្រេន ឡើងអ្នកតា ភ្លេងបុរាណ មន្តអាគម និងអាពាហ៍ពិពាហ៍ជាដើម។ ក្រៅពីនេះប្រជាជនក្នុងតំបន់នេះមានវប្បធម៌ដ៏ល្អ គឺការចេះជួយគ្នាទៅវិញទៅមក មិនប្រកាន់បក្សពួក រួសរាយរាក់ទាក់ភ្ញៀវ មានសុជីវធម៌ មិនកេងបន្លំគ្នាដែលជាគំរូដ៏ល្អ។

សកម្មភាពទេសចរ ៖ ភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោត និងសត្វស្លាបច្រើនប្រភេទ មើលទេសភាពថ្ងៃលិចតាមមាត់ទន្លេរ ជិះម៉ូតូឌុបសហគមន៍  ជួលកង់ជិះទស្សនាសហគមន៍  ចូលរួមសកម្មភាព ជីកស្រះត្រី ស្រះកង្កែប ធ្វើទ្រុងមាន់ ទា និងសកម្មភាពដាំដុះផ្សេងៗ នៅទីនោះក៏មានផ្ទះស្នាក់ និងម្ហូបអាហារ  ដែលចំអិនដោយប្រជាសហគមន៍ផងដែរ។​

អត្ថបទទាក់ទង