រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ របស់ខេត្តក្រចេះ ដឹកនាំ ដោយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត

រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត និងសកម្មភាពការងាររបស់គណៈបញ្ជា​កា​រ​​ឯកភាពខេត្ត ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ​ថ​ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ  លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក-លោកស្រីមន្ត្រីរាជការចំណុះសាលាខេត្ត និងអភិបាលក្រុង/ស្រុកទាំង៦ អង្គប្រជុំបានកែសម្រួលរបាយការណ៍ប្រចាំខែតុលា​ និងពិភាក្សាដោះស្រាយបញ្ហាដែលបានកើតឡើងនៅមូលដ្ឋាន ដូចខាងក្រោម ។

ក្រោយពីរដ្ឋបាលក្រុង/ស្រុក បានរាយការណ៍ពីស្ថានភាពផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ជូនអង្គប្រជុំ  ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរក្រុង/ស្រុក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំរបាយការណ៍ឱ្យបានលំអិត និងទាន់សភាពការណ៍ ស្តីពី ផ្ទៃដីស្រែដែលខូចខាត និងបរិមាណតំរូវការស្រូវពូជទៅតាមគ្រួសារនីមួយៗ ដើម្បីរដ្ឋបាលខេត្តសម្របសម្រួលចាត់ចែងការស្តារឡើងវិញជូនប្រជាពលរដ្ឋក្រោយពេលទឹកស្រក ។ ដោយឡែក បញ្ហាអនាម័យនៅទីតាំងសត្តឃាតដ្ឋានថ្មី ដែលលោកអភិបាលរងក្រុង បានលើកឡើង ត្រូវបាន ឯកឧត្តម ប្រធានអង្គប្រជុំ ណែនាំឱ្យ អភិបាលរងទទួលបន្ទុក បន្តតាមដាន និងដោះស្រាយ ។

ពាក់ព័ន្ធនឹងកិច្ចការសន្តិសុខសង្គម ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក/ក្រុង ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ ត្បិតករណីប្លន់មិនមានកើតឡើងក៏ដោយ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ើងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។  ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរភូមិ ឃុំ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កា​ត់​​​​​ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការ​រំលោភ​បំពានដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍ ក្នុងខេត្ត ។

ចំពោះបញ្ហាផ្សេងៗ អង្គប្រជុំបានពិភាក្សា និងដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីធានាដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ ប្រកបដោយភាពរលូន សុវត្ថិភាព តម្លាភាព និងយុត្តិធម៌ ដូចជា៖ បង្កើតគណៈកម្មការរៀបចំ និងដឹកជញ្ជូនឯកសារ, ត្រៀមប្រចាំការឡានពេទ្យសង្គ្រោះបន្ទាន់ និងបាញ់ថ្នាំសំលាប់មេរោគកូវីត១៩ ឱ្យបានគ្រប់មណ្ឌលប្រឡងទូទាំងខេត្ត, ផ្អាកទីតាំងលក់ និងថតចម្លងឯកសារ, ណែនាំដល់ប្រតិបត្តិករសេវាកម្មស្នាក់នៅ និងម្ហូបអារហារ​​ កុំឱ្យតំឡើងថ្លៃបន្ទប់ និងម្ហូបអារហារ, និងជួយដោះស្រាយបញ្ហាផ្សេងៗដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ។

អត្ថបទទាក់ទង